ញាក់សាច់ទ្រើត គ្រោះថ្នាក់នៅផ្លូវ ៦០ ជាយក្រុងភ្នំពេញ

ព័ត៌មានសង្គម

ភ្នំពេញ៖ នៅប្រមាណម៉ោង៣ និង ៤០ នាទី នៅកន្លែងផ្លូវបំបែក ទៅក្រុងតាខ្មៅ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត តូយូតា ផ្លាកលេខ ភ្នំពេញ 2N 4733 ជាមួយរថយន្តបង្គ្រោះថ្នាក់ជាប្រភេទឡានដឹកទំនិញធនធ្ងន់របស់ក្រុមហ៊ុន អិល អឹម អេច ផ្លាកលេខ 3A-0830​

ហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើង​នៅវេលាម៉ោង​​៣៖៤០នាទីរសៀល​ ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០១៨នេះ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ព្រំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ និង​ភូមិដំណាក់សង្កែ​ សង្កាត់ព្រែកហូលរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។​

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ ឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញរថយន្ត​មួយគ្រឿង​ ម៉ាក​​ហ៊ីយ៉ាន់ដា​ ពណ៌ស​ ពាក់ស្លាកលេខ​​ព្រះសីហនុ​​3A-0830​ ជាប្រភេទរថយន្តដឹកទំនិញ​ បានបើកបរក្នុងទិសដៅពីលិចមកកើត​ ខណៈពេលជិះមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួន​ ស្រាប់តែរថយន្តបង្ក បានបើកបុកជាមួយរថយន្ត​ មួយគ្រឿង​​​ ម៉ាក Vigo​ ពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ភ្នំពេញ​2N-4733 យ៉ាងបំពេញទំហឹងបណ្តាលឲ្យអូស​ជាង​៥ម៉ែត្រ​ ហើយ​គៀបជាប់មនុស្សក្នុងរថយន្ត​។​ ភ្លាមៗនោះ​​អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់​ ដោយបន្សល់តែរថយន្តនៅនឹងកន្លែងងកើតហេតុ។​

ក្រោយកើតហេតុ​​ប្រជាពលរដ្ឋដែលនៅជិតនោះ​ បាននាំគ្នាជួយសង្គ្រោះ​ រួចបានហៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ខណៈពេលដែលដឹកជនរងគ្រោះទៅមន្ទីរពេទ្យ​នោះ​ ជាអកុសល​បានស្លាប់​ចំនួន​៣នាក់​ និង​​៣នាក់ទៀត កំពុងស្ថិតនៅក្នុងការជួយសង្គ្រោះ។

ចំណែកឯរថយន្តបង្ក​ខាងលើ​ និងរថយន្តរងគ្រោះ​​ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ​ ខេត្តកណ្តាល​ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីរង់ចាំការដោះស្រាយគ្នា៕​