ចៅក្រមនឹងចេញដិកាឃុំខ្លួនឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារនៅល្ងាចនេះ
នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំឧកញ៉ា ហូ ចំរើន ដោយសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»។
តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី ។
ប្រភពច្បាស់ការបានអោយដឹងថា បន្ទាប់ចៅក្រមបញ្ចប់ការស៊ើបសួរ ឧកញ៉ា ហូ ចំរើន នឹងត្រូវចេញដិកាឃុំខ្លួនដាក់ពន្ធនាគារនៅល្ងាចថ្ងៃនេះ ។
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ដោយ៖ ផែងវណ្ណៈ