តាមរយៈផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃនេះ ក្រុមគ្រួសារលោកគ្រូ អេ ភូថង ក៏ដូចជា ក្លិបប្រដាល់គុនខ្មែរ អេ ភូថង រួមទាំង ធឿន ធារ៉ា បានធ្វើដំណើរ និងយកខ្សែក្រវាត់ ទៅសួរសុខទុក្ខ លោកគ្រូតា នៅខេត្តកោះកុង។
ក្នុងនោះ ខាងក្លិបក៏បានសួរសុខទុក្ខ រួមទាំងគោរពជូនពរលោកគ្រូតាឱ្យជួបតែសុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំឭកផងដែរថា កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះកីឡាករប្រេស៊ីល Thiago Teixeira ក្នុងការប្រកួតគុនខ្មែរ ក្នុងទឹកទី ៤ នៅក្នុងសង្វៀនប្រដាល់ IPCC Kun Khmer World Champion នៅខេត្តស្វាយរៀង ដោយទទួលបានខ្សែក្រវាត់កម្រិតពិភពលោក ធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពជាខ្លាំង៕
ប្រភព៖ ប្រជាប្រិយ