ជារឿងដ៏សែនតក់ស្លុត និងសោកស្ដាយក្រៃលែង ដែលកញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុងបទចម្រៀង “ជូនអូនទ្បេីងផ្លូវហាយវេ” របស់លោក ខេម ក្នុងផលិតកម្ម Galaxy Navatra បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង នេះបើយោងតាមការបង្ហោះនៅលើទំព័រ Facebook របស់លោក សាវិន ហ្វីលីប នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះ។
យ៉ាងណាមិញជុំវិញមូលហេតុដែលធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះបាត់បង់ជីវិតទាំងក្មេងខ្ចីបែបនេះ ត្រូវបានក្រុមគ្រួសារ ព្រមទាំងមិត្តភក្កិចេញមកបញ្ជាក់ថា នាងមានជំងឺប្រចាំកាយ គឺមេរោគក្នុងក្រពះ និងជំងឺបេះដូង។
ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកឈ្មោះ Reno King បានបង្ហោះដោយរៀបរាប់ដូច្នេះថា “សូមប្អូនគេងចុះគេងលក់អោយបានស្កប់ស្កល់? សូមប្រុងប្រយ័ត្នចំពោះជំងឺមេរោគក្នុងក្រពះ ដោយពិសាថ្នាំមិនបានញ៉ាំអាហារគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុកឆ្អល់ទាល់តែផុតដង្ហើម”។
ទន្ទឹមនឹងនេះក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា Leak New ដែលត្រូវជាមិត្តបានបង្ហោះឱ្យដឹងផងដែរថា “ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា: monika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូង និងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចអោយតែលឺថាស្លាប់ដោយសារជំងឺបេះដូង គឺគាំងថ្នាំលេងគ្រឿងញៀននោះ… នាងស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់នាងអីអោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ ?????”៕