កាលពីអំឡុងឆ្នាំ ២០០១ រឿងភាគថៃ «កំណើតស្នេហ៍ក្នុងផ្សារ» ដែលជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ហាក់ផ្ទុះការគាំទ្រជាខ្លាំង ជាពិសេសចំពោះតួប្រុសដែលមានឈ្មោះថា «នាយតុង» មានសក់បះៗរហូតមានក្មេងៗជាច្រើនកាត់សក់ម៉ូដតាមផងដែរ។
រឿងរ៉ាវស្នេហារបស់ នាយតុង ដែលតាមលួចចែចង់នាង គីមឡាង កូនស្រីចែ គីមហួយ អ្នកលក់ត្រី សត្រូវពាក្យសម្តីរបស់ នាយតុង ផ្ទាល់ បានបង្កការភ្ញាក់ផ្អើលអស់អ្នកផ្សារ ហើយក៏បង្កការផ្ទុះសំណើចដល់អ្នកទស្សនាផងដែរ។ ក្រោយបញ្ចាំងចប់អស់ជាង ២១ ឆ្នាំ បច្ចុប្បន្នតួអង្គប្រុសស្រីបានដើរមកដល់ចំណុចនេះហើយ ៖
តួនាយតុង សម្តែងដោយ Andrew Gregson បច្ចុប្បន្នមានអាយុ ៤៣ ឆ្នាំ ដោយលោកនៅតែមានអាជីពជាតារាសម្តែង ហើយនៅតែរក្សារូបរាងបានយ៉ាងស្រស់សង្ហា។ បន្ថែមពីនេះទៀតលោកបានបន្ថែមការងារមួយផ្នែកទៀត គឺជាអ្នកដឹកនាំរឿងផងដែរ។
តួឯកស្រីរូបស្រស់កូនចៅចិនលក់ត្រីនៅផ្សារ នាង គីមឡាង សម្តែងដោយ Aom Phiyada បច្ចុប្បន្នមានវ័យ ៤៦ ឆ្នាំហើយ។ នាងបានរៀបការជាមួយតារាសម្តែង និង ជាអ្នកជំនួញលោក Sara Jutharattanakul នៅឆ្នាំ ២០០៩ ដោយមានកូនស្រីម្នាក់ឈ្មោះ Nava។
អ្នកស្រី Uthumporn បានដើរតួជាអ្នកម្តាយមាត់ឆៅ ដែលកាចឆ្នាស់ និង ហួងហែងកូនស្រីជាខ្លាំង ព្រោះតែមិនពេញចិត្តនឹង នាយតុង តាំងពីក្បាលដល់ចុងជើង។ បច្ចុប្បន្ននេះ ចម្រើនវ័យ ៦៤ ឆ្នាំហើយ ដោយគាត់នៅតែមានសុខភាពរឹងមាំ ហើយសម្តែងបានយ៉ាងល្អ និង នៅតែមានការគាំទ្រខ្ពស់។ អ្នកស្រីធ្លាប់រៀបការចំនួន ២ លើក ដោយលើកទី ១ គឺជាមួយតារាចម្រៀងបែបស្រុកស្រែ Thierry នឹងមានកូន ២ នាក់ ហើយបានលែងលះគ្នានៅឆ្នាំ ២០០២ និង លើកទី ២ ជាមួយអ្នកជំនួញ Tomboy ឈ្មោះថា Siriorn នៅឆ្នាំ ២០១០៕