ភ្នំពេញ៖ ពិតណាស់ តារាកំប្លែង អៀង ចេនឡា កាលពីថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីតារាកំប្លែងរូបនេះ ធ្លាក់ខ្លួនឈឺរាងស្គមស្គាំង ហើយបានប្រកាសជាសាធារណៈថា ពុំមានអ្នកណាអើពើនឹងលោកឡើយ ដោយសារតែលោកមិនមែនជាតារាល្បីនឹងគេ។
បើតាមការបញ្ជាក់ឱ្យដឹងពីតារាកំប្លែង លោក អៀង ចេនឡា កន្លងមក គឺលោកត្រូវទឹកចូលសួត ទើបបណ្តាលឱ្យស្គមមើលមិនចង់ស្គាល់ ហើយថែមទាំងស្ងាត់ពីសិល្បៈមួយរយៈមកនេះ។
ទន្ទឹមនោះដែរ ក្រោយពីមានការប្រកាសបែបនេះរបស់ អៀង ចេនឡា គេសង្កេតឃើញមាន សប្បុរសជន នាំគ្នាសម្រុកជួយលោក អៀង ចេនឡា ព្រោងព្រាត នេះបើតាមបង្ហោះបញ្ជាក់របស់តារាកំប្លែង អៀង ចេនឡា នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់តែម្តង។
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យតារាកំប្លែងរូបនេះ កាន់តែរំភើបដល់ស្រក់ទឹកភ្នែកនោះគឺ លោកទទួលបានអំណោយដ៏ថ្លៃថ្លាពី អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន១មុឺនដុល្លារ តាមរយៈឯកឧត្តមចាន់ កុលបុត្រ នាំយកមកប្រគល់ជូន ដល់ អៀង ចេនឡា ដល់ផ្ទះតែម្ដង៕