យោងតាមអគ្គស្នងការនគរបាលជាតិ បានប្រកាសឱ្យដឹងថា ព្រះសង្ឈ កូនសិស្ស ចុងភៅ និងអ្នករត់ម៉ូតូឌុបនៅវត្តសុភមង្គល ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើតេស្តពិនិត្យរកមេរោគកូវីដ-១៩ នៅរសៀលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩។
តាមការឲ្យដឹងពីលោកអ៊ុំ ជឹម ស៊ី ប្រធានគណៈកម្មាការអាចារ្យវត្តសុភមង្គល បានឲ្យដឹងថា៖ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១ មានស្ត្រីជាចុងភៅវត្ត០១នាក់និងអ្នកនៅបំរើជីដូនឈឺនៅនឹងវត្ត មានអាការៈមិន ស្រួលខ្លួននៅពេលធ្វើតេស្តរហ័សយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ មានវិជ្ជមានចំនួន០២នាក់។ ដើម្បីសុវត្ថិភាពពីសុខភាពរបស់ព្រះសង្ឈ កូនសិស្សលោក ក៏ដូចជាចុងភៅនិងអ្នកពាក់ព័ន្ធក្នុងវត្ត ពិសេសក្នុងរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ។
លោក អ៊ុំ បានទំនាក់ទំនង ជាមួយលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំមន្ត្រីនគរបាលការិយាល័យ សុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើតេស្តរហ័សយកសំណាកពិនិត្យមេរោគកូវីដ-១៩ ។
លោកស្រី វរសេនីយ៍ទោនេត្រ ពីពណ៌ នាយរងការិយាល័យ សុខាភិបាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ដោយអនុវត្តតាមការណៃនាំរបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគគរបាលការិយាល័យសុខាភិបាល ចំនួន០៣នាក់ បានចុះ ធ្វើតេស្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ដល់ព្រះសង្ឈដែលគង់នៅវត្តសុភមង្គលចំនួន៤៦អង្គ
រួមទាំងកូនសិស្សវត្ត ចុងភៅវត្ត ដូនជី ប្រជាពលរដ្ឋអ្នកពាក់ព័ន្ធនឹងវត្តចំនួន២៥នាក់និងនគរបាលចំនួន០៤នាក់ សរុបចំនួន៧៥នាក់ ជាលទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន០២នាក់បន្ថែមទៀត ០១នាក់ជាដូនជីស្នាក់នៅនឹងវត្ត ០១នាក់ទៀតជាអ្នករត់ម៉ូតូឌុបដែលធ្លាប់ចេញ ចូលក្នុងវត្ត។
ជាមួយគ្នានោះដែរ លោកស្រី នាយរងការិយាល័យ បានប្រគេនដល់ព្រះសង្ឈប្រសិនបើមិនមានការចាំបាច់មិនត្រូវនិមន្តចេញពីវត្ត និងកូនសិស្សវត្តក៏ដូចជាពលរដ្ឋស្នាក់អាស្រ័យនៅវត្ត ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ផងដែរ៖ក្នុងឱកាសបុណ្យកាន់និងភ្ជុំបិណ្ឌជិតឈានមកដល់នេះ កូវីដ-១៩ បានឆ្លងរាលដាលចូលវត្ត ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើការបិទខ្ទប់វត្តចំនួន០២ ក្នុងទីរួមខេត្តបន្ទាយមានជ័យ គឺវត្តព្រះពន្លា ក្នុងសង្កាត់ព្រះពន្លា និងវត្តស្វាយថ្មី ហៅវត្តលោកតាហ៊ៃ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរកឃើញព្រះសង្ឈ និងអ្នកនៅក្នុងវត្តមានវិជ្ជមានកូវីដ-១៩ ៕